កែវយឺតអវកាស Hubble «ប្រទះឃើញភពពណ៌ខ្មៅងងឹត ដ៏គួរឲ្យព្រឺព្រួចមួយ កំពុងលេបត្របាក់ពន្លឺ ពីផ្កាយរបស់វា» ចម្ងាយ ១,៤០០ឆ្នាំពន្លឺពីផែនដីយើង!


(អាមេរិក)៖ ក្រុមតារាវិទូ​នៃអង្គការ NASA ដែលកាន់ការ​លើកែវយឺត​អវកាស Hubble Space Telescope បានរកឃើញភព​ដ៏ខ្មៅ​ងងឹតមួយ នៅប្រព័ន្ធព្រះអាទិត្យផ្សេងពីយើង ដែលភព​អេលៀន (Exoplanet) នោះ ទំនងជាកំពុងតែ​លេបយកពន្លឺ ជាជាងជះ​ពន្លឺ​ទាំងនោះ ត្រឡប់ទៅកាន់លំហ​ទីអវកាសវិញ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី វែបសាយ Astronomy Now នៅ​រសៀល​ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

ការលេបយកពន្លឺ​ខាងលើនេះ​ពីផ្កាយរបស់វា គឺដោយសារតែ​សមត្ថភាពពិសេស​របស់ ភពមានឈ្មោះថា WASP-12b ក្នុងការ​បង្ខាំង​ពន្លឺយ៉ាងហោចណាស់ ៩៤ភាគរយ នៅក្នុងបរិយាកាស​របស់វា។ WASP-12b ស្ថិតក្នុងចំណោម​ប្រភេទភពឧស្ម័ន​យក្ស​​ដ៏​ធំៗមហិមា និងសែនក្តៅ ដែលគោចរយ៉ាងកៀក នឹងផ្កាយ​មេរបស់វា ហើយទទួល​កម្តៅឡើងដល់​កម្រិតដ៏ខ្ពស់។

បរិយាកាសរបស់​ភពអេលៀននេះ មានសភាព​ក្តៅខ្លាំង ដោយសីតុណ្ហភាព​នៅផ្នែកពេលថ្ងៃរបស់វា អាចឡើងដល់ ២,៥៣៧អង្សា​សេឯណោះ ហើយព្រោះតែប្រការនេះ សូម្បី​តែម៉ូលេគុលភាគ​ច្រើន មិនអាចមានវត្តមាន​នៅទីនោះឡើយ។ បន្ថែមពីនេះ ពពកក៏មិន​អាច​កកើតឡើងបាន ដើម្បីជះពន្លឺត្រឡប់​ទៅកាន់អវកាសវិញ តែផ្ទុយទៅវិញ​ពន្លឺទាំងនោះ បានមុជចូល​យ៉ាងជ្រៅ ទៅក្នុងបរិយាកាស​របស់ភពនេះ ហើយបំឡែងទៅជាថាមពលកម្តៅ។

គួរបញ្ជាក់ថា ភព WSP-12b ស្ថិតនៅចម្ងាយ​ប្រមាណ ១,៤០០ឆ្នាំ ពន្លឺពីព្រះអាទិត្យរបស់យើង ដែលគោចរជុំវិញផ្កាយ WSP-12 ក្នុងបណ្តុំផ្កាយ Auriga និងត្រូវបាន​គេ​ប្រទះឃើញជា​លើកដំបូងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ៕

 



Comments